ភ្នំពេញ ៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្ពុជា បានរៀបចំពិធីបិទបញ្ចប់ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសន្និសីទសកល លើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

ពិធីបិទសន្និសីទសកលលើកទី៣នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្តីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីលោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, ព្រះអង្គម្ចាស់ មៀរ៉េត រ៉ាត សេត អាល់ ហូសេន ប្រេសិតនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងបណ្ដាភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ដ្រី លី ធុជ បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល លើកទី៣ របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ និងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងឆ្នាំ២០១៣។

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីស្តីទី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍បូកសរុបលទ្ធផលសន្និសីទ របស់លោកទេសរដ្ឋមន្ដ្រី លី ធុជ ទេសរដ្ឋមន្រ្តី និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និសីទនេះឡើង ដោយទទួលបាននូវលទ្ធផល គួរជាទីកត់សម្គាល់។ កម្ពុជា ពិតជាមានសេចក្តីសោមនស្ស និងមោទនភាព ដែលបានរៀបចំសន្និសីទនេះឡើងដោយឈរលើស្មារតីទទួលខុសត្រូវ និងប្រកបដោយមេត្តាធម៌៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ