ភ្នំពេញ ៖ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដំណាំស្រូវ និងដំណាំផ្សេងៗជាង១១ហិកតានៅតាមរាជធានី-ខេត្ត ចំនួន២០។ នេះបើយោងតាមរបាយការណ៍របស់លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣។



តាមរបាយការណ៍បង្ហាញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍», លោក គីម វីរៈ បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ២,០២៩គ្រួសារ និងមានប្រជាពលរដ្ឋរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ រីឯសាលារៀនលិចទឹក ៨៦កន្លែង។


លោក បានបន្ថែមថា ក្នុងរយៈពេល៩ខែ ឥទ្ធិពលអាកាសធាតុអែលនីណូកម្រិតខ្ពស់ បានធ្វើឱ្យដំណាំកសិកម្មទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់។ មូលដ្ឋានរាជធានី-ខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ ជាពិសេសលើដំណាំស្រូវចំនួន ៨៦,០៧១ហិកតា ខូចខាត ៣,៤៧៦ហិកតា និងដំណាំផ្សេងទៀតប៉ះពាល់ចំនួន ២៥,៤០៩ហិកតា ខូចខាត ១៥,២៩០ហិកតា។


លោក គីម វីរៈ បានឱ្យដឹងថា ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិតមធ្យមដែលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ។ ខ្យល់កន្រ្តាក់កើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំង ប្រទេសបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១,៩៥៦ខ្នង របើកដំបូល និងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរងគ្រោះស្លាប់ ៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១អគារ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ