ភ្នំពេញ ៖ លោក នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ កិច្ចការពិការភាព និងបានសន្យាថា នឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន។


ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទ នៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក នេត សាវឿន បានថ្លែងថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។


លោក បន្ដថា លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។


លោក នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ