ក្រុមហ៊ុនចិន ចាប់អារម្មណ៍សក្តានុពល កសាងផ្លូវរថភ្លើងនៅទីក្រុងភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានថ្មី លើទឹកដីខេត្តកណ្ដាល
ភ្នំពេញ ៖ លោក Jianlong Ding ប្រធានក្រុមហ៊ុន Guangzhou Metro Group បានបង្ហាញចំណាប់អារម្មណ៍ អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងការតភ្ជាប់ពីក្រុងភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងទឹកដីខេត្តកណ្ដាល ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។
ការបង្ហាញចំណាប់អារម្មណ៍របស់ប្រធានក្រុមហ៊ុន Guangzhou Metro Group ធ្វើឡើងក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ តុលានេះ ក្នុងពេលលោកឧបនាយករដ្ឋមន្ត្រី ចុះទស្សនកិច្ចនៅក្រុមហ៊ុន Guangzhou Metro Group ដើម្បីស្វែងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងមេត្រូ(Metro) ទំនើបនៅក្នុងទីក្រុង។
ក្នុងជំនួបនោះលោក ស៊ុន ចាន់ថុល បានបង្ហាញនូវក្តីស្រម៉ៃ ចង់ឃើញស្ថានីយរថភ្លើងទំនើបបែបឌីជីថល ដូចទៅនឹងស្ថានីយរបស់ក្រុមហ៊ុនលេចឡើងក្នុងប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ពិសេសក្នុងរាជធានីភ្នំពេញ។ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនេះដើម្បីជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលលើកិច្ចការវិនិយោគក្នុងវិស័យផ្លូវដែកនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពក្នុងការបណ្តាក់ទុនកសាងផ្លូវដែក ក្នុងទីក្រុងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើអញ្ជើញលោកប្រធានក្រុមហ៊ុន ចុះទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចលើកិច្ចការងារវិនិយោគ។
ជាការឆ្លើយតបប្រធានក្រុមហ៊ុនចិន បានបង្ហាញចំណាប់អារម្មណ៍អំពីសក្តានុពល ក្នុងការកសាងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ និងការតភ្ជាប់ពីក្រុងភ្នំពេញទៅកាន់អាកាសយានដ្ឋានថ្មីដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ លោកប្រធានក្រុមហ៊ុន ក៏បានធ្វើការចែករំលែកបទពិសោធន៍របស់លោក អំពីការចូលរួមរៀបចំធ្វើគម្រោងផ្លូវដែកនៅទីក្រុង Guangzhou តាំងពីដំណាក់កាលរៀបគម្រោង រហូតដល់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីគោលជំហរគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យផ្លូវដែកនៅក្នុងប្រទេស ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា និងជាផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនសម្រាប់វិនិយោគិនផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ