សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍអារ៉ាប៊ីសាអូឌីត គាំទ្រគម្រោង នៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកSultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ របស់អារ៉ាប៊ីសាអូឌីត បានប្រកាសគាំទ្រគម្រោង នៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
ការប្រកាសគាំទ្ររបស់ សម្តេចធិបតី និងលោកSultan Abdulrahman Al-Marshad បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាឱកាស នៃការចូលរួមក្នុង «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាស នៃជំនួបនេះ លោកនាយកប្រតិបត្តិមូលនិធិ បានលើកឡើងអំពីបំណង ក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញឱ្យមានកំណើនប្រកបដោយចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរគុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងវិស័យវិនិយោគ, ទេសចរណ៍ និងថាមពលកកើតឡើងវិញ ជាពិសេស វិស័យកសិកម្ម ។
ជារួម សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ បានគាំទ្រចំពោះ គម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ សម្តេចធិបតី បានអញ្ជើញថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តពិភាក្សាអំពីកិច្ចការនេះ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ