(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក Paris Saint-Germain បានបរាជ័យ ២ប្រកួតផ្ទួនៗនៅថ្ងៃបើកឆាក Ligue 1 រដូវកាលថ្មីឆ្នាំ២០២០-២០២១ ក្រោមថ្វីជើងរបស់ Marseille ក្នុងលទ្ធផល ១-០ ហើយខ្សែប្រយុទ្ធ Neymar ត្រូវបានពិន័យកាតក្រហមថែមទៀតនៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

លោក Thomas Tuchel អ្នកចាត់ការទូទៅParisបានធ្វើការកោះហៅកីឡាករសំខាន់ៗចូលក្រុមវិញហើយ នៅតែធ្វើមិនបានសម្រេចដដែល ពីការប្រកួតលើកទី២ ក្នុងជើងទី១ នារដូវកាលថ្មីនេះ បន្ថែមលើការបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ក្រុម Lens កាលសប្តាហ៍ទី១។

ទន្ទឹមនេះ កីឡាករ Thauvin ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមភ្ញៀវ Marseille នៅនាទីទី៣១ ក្រោយទទួលបានពីមិត្តរួមក្រុម Dimitri Payet រហូតចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Parc des Princes។

យ៉ាងណាមិញ ក្នុងការប្រកួតដ៏ស្វិតស្វាញនេះដែរ ក៏មានការប៉ះទង្គិចយ៉ាងខ្លាំងចុងម៉ោងរវាងក្រុមទាំងពីរ។ សម្រាប់ការប្រកួតនោះដែរ ក្រុមទាំងពីរទទួលបានកាតលឿងសរុប១៤កាត ដែលក្រុមPSG បាន៦កាត នឹងក្រុម Marseille ទទួលបាន៨កាត។ ដោយឡែត សម្រាប់កាតក្រហមវិញ សរុប៥កាត ៣កាតលើក្រុមPSG នឹង ២កាតទៀតលើក្រុម Marseille។

គួរបញ្ជាក់ផងដែរថា ក្រុមPSG បានភ្លាត់ចាញ់២ប្រកួតជាប់ៗគ្នា ដោយចាញ់ក្រុមឡើងលីគទី២ Lens ហើយយប់មិញនេះបានចាញ់ក្រុម Marseille ទៀត ខណៈដែល Neymar ទទួលបានកាតក្រហមហើយធ្វើឲ្យរូបគេខកខាន ១ប្រកួតបន្ទាប់ពេល PSG ប៉ះម្ចាស់ផ្ទះ Nice នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខផងដែរ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ