(មានវីដេអូ) Man U និង PSG សុទ្ធតែបាត់បង់៣ពិន្ទុដូចគ្នានៅក្នុងការប្រកួតចែកពូល UCL កាលពីយប់មិញ
អឺរ៉ុប ៖ ក្រុមបិសាចក្រហម Manchester United ដឹកនាំដោយលោក Ole Gunnar Solskjaer បានរងបរាជ័យដ៏អាម៉ាសក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Basaksehir ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅទីក្រុង Istanbul កាលពីយប់មិញ។
Man United ដែលកំពុងតែធ្លាក់ចុះទម្រង់លេងនៅក្នុងក្របខ័ណ្ឌ Premier League បានចាប់ផ្តើមការប្រកួតក្នុងនាមជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះ ក្រោយពីការដណ្តើមបានជ័យជម្នះដ៏រំភើបលើក្រុម Paris Saint-Germain និងផ្តួលក្រុម RB Leipzig ៥-០។ ប៉ុន្តែ ការរងបរាជ័យនៅប្រទេសតួកគី ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលH ទៅវិញ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៣សម័យកាលមួយនេះ មិនបានបង្ហាញពីទម្រង់ការពារដ៏រឹងមាំឡើយ ខណៈដែលខ្សែប្រយុទ្ធ Demba Ba និង Edin Visca បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០ មុន។ សម្រាប់ក្រុមភ្ញៀវវិញ ក៏បានស៊ុត១គ្រាប់វិញដែរ ដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial នៅនាទី៤៣ មុនបញ្ជប់ការប្រកួតនៅតង់ទី១។
ដោយឡែក ក្រុមរបស់លោក Thomas Tuchel គ្រូបង្វឹករបស់ក្លិប Paris Saint-Germain បានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម RB Leipzig កាលពីយប់មិញ បានផ្តល់ការខកចិត្តដ៏ធំមួយលើការជឿជាក់ក្នុងក្របខ័ណ្ឌ Champions League របស់ក្រុមម្ចាស់ជើងឯករងកាលពីរដូវកាលមុនមួយនេះ។
១គ្រាប់របស់ក្រុម Paris Saint-Germain បានស៊ុតបញ្ចូលដោយកីឡាករខ្សែបំរើ Di Maria នៅនាទី៦ ហើយបន្ទាប់មកក្រុមម្ចាស់ផ្ទះក៏សម្រុកយ៉ាងខ្លាំងដោយមានគ្រាប់បាល់២កើតឡើងនៅនាទី៤១ និង១គ្រាប់ទៀតកើតឡើងនៅតង់ទី២ដោយប៉េណាល់ទីរបស់កីឡាករ Emil Forsberg នៅនាទី៥៧ ។
យ៉ាងណាមិញ ក្រុមម្ចាស់ជើងឯកបារាំង PSG បានធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ពិតមែន ប៉ុន្តែសម្រាប់កីឡាករសំខាន់ពីររូបអវត្តមានគឺខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ដោយសារតែបញ្ហារបួស ហើយពួកគេបានបញ្ចប់ការប្រកួតរបស់ខ្លួនជាមួយនឹងសមាជិក៩នាក់ ក្រោយពីការរងពិន័យកាតក្រហមរបស់កីឡាករ Idrissa Gana Gueye និង Presnel Kimpembe។
គួរបញ្ជាក់ផងដែរថា ក្នុងពូល H ក្រុមបិសាចក្រហមឈរលេខ១ មាន៦ពិន្ទុ ឆ្លងកាត់៣ប្រកួតឈ្នះ២ ចាញ់១ ហើយក្រុមលេខ២ RB Leipzig មាន៦ពិន្ទុដូចគ្នា និងក្រុម PSG មាន៣ពិន្ទុ ដូចគ្នាជាមួយក្រុម Basaksehir។