ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើ ធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។

ស្ត្រីខាងលើបាននិយាយទៀតថា នៅរសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារ និងឆូតមុខ ច្រមុះ និងដៃព្រមទាំងក តែម្ដងនេះ គឺជាការតបស្នង ហើយអ្នកដាំផ្លែអ្វី គឺបានផលនោះអីចឹងហើយ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។

ក្រោយមកនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលប៉ុស្តិ៍កាកាប២ បានចេញអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួន បាននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ