ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាល និងជំរិតទារប្រាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី មានជន ជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅថ្ងៃទី ០៦.០៩.២០២០ វេលាម៉ោង២៣និង៣០នាទី មានជនសង្ស័យមួយក្រុមជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចនគរបាល បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរង គ្រោះជាជនជាតិចិន១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម  ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបន្តថា បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរង គ្រោះចំនួន៤,០០០$ បើមិនព្រមឲ្យទេ ក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលីស ។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០$ យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅ សល់នឹងឲ្យនៅពេលក្រោយ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់(ជនជាតិចិន ១នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បាត់បង់៖ លុយ២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។

ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងអនុវត្តបន្តតាមនីតិវិធី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ