ដោយមានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ជុំវិញករណីលួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ដែលតបណ្ដាញបំភ្លឺតាមមហាវិថីនានា នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងការងារតបណ្ដាញអគ្គិសនីបំភ្លឺតាមដងផ្លូវ ទូទាំងខេត្ដព្រះសីហនុ នាពេលកន្លងមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធករណីលួចគាត់ទម្លុះទម្លាយ និងកាត់ខ្សែភ្លើងអ៊ុបទិច នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦នឹង២០នាទីព្រឹក។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង (ក្រុងព្រះសីហនុ២កន្លែង, ស្រុកព្រៃនប់៣កន្លែង)។

លោកស្នងការបន្តថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានបង្ក្រាបលើទីតាំងចំនួន២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។

សម្ភារវត្ថុតាងចាប់យក៖ សំបកខ្សែភ្លើងម៉ាក THIPHA ចំនួន១បាវ (ជារបស់ក្រុមហ៊ុនឌុយវ៉ាល់អេឡិចត្រិច)។សម្ភារវត្ថុតាងចាប់យក៖ ស្ពាន់ខ្សែភ្លើងទំងន់១៥គីឡូក្រាម ម៉ាកTHIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច។

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការតាមច្បាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ