លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាន និងនៅតាមគោលដៅសំខាន់ៗដូចជា៖ទីវត្តអារាម កន្លែងកម្សាន្ដនានា ដើម្បីឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានទៅធ្វើបុណ្យ និងធ្វើដំណើរកម្សាន្ដដោយសប្បាយរីករាយ ដោយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើងឡើយ។លោកបានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានា នៅទូទំាងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកត់សម្គាល់ និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវ របស់កងកម្លំាងមានសមត្ថកិច្ច ហើយចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅកម្ពុជាបានកាន់តែច្រើន។

សូមជម្រាបជូនដែរថា យោងតាមរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅតាមទីវត្តអារាមទំាងអស់ទូទំាងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និងប្រជាការពារ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្ត និងការពារ ម៉ូតូ រថយន្ត និងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ