ប្រមុខក្រសួងមហាផ្ទៃ រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល!
ភ្នំពេញ ៖ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត បានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងបើកសន្និបាត នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដល់សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។
ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំង និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹងសមត្ថភាពមន្រ្តីដែលមានស្រាប់។ ឯកឧត្តម បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះការផ្តល់សេវាសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងអំពីភាពចាំបាច់ នៃការពង្រឹងគុណភាពនៃការអនុវត្តមុខងារដែលថ្នាក់ជាតិ បានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រភេទសេវាប្រមាណ ៨០០។ បើតាមប្រមុខក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជាពិសេសសេវានៅយន្តការច្រកចេញចូលតែមួយ ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យការបម្រើសេវាកាន់តែមានគុណភាព។
ចំណែកការអភិវឌ្ឍឌីជថល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព និងមន្ត្រី ដើម្បីសម្របខ្លួនឱ្យទាន់ការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រលើការងារប្រចាំថ្ងៃ និងធ្វើយ៉ាងណា ឱ្យបច្ចេកវិទ្យាឌីជីថល ចូលរួមជួយដល់កិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំ និងអនុវត្តប្រព័ន្ធឌីជីថលប្រកបដោយភាពប្រទាក់ក្រឡា ដើម្បីឱ្យក្លាយទៅជាស្តង់ដារតែមួយក្នុងការអនុវត្ត៕