នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែនហើយ បន្ទាប់ពីប្រាសាទនេមានខឿនពុកផុយ និងស្រុតផ្នែកខាងលិច។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ការខូចខាតទាំងនេះបណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បង ដូចជា៖ មានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទ ហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ។

ក្នុងការងារជួសជុលប្រាសាទនេះ ក្រុមការងារបានពង្រឹងខឿនដែលពុកផុយនៅជ្រុងទាំង៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើដែលដុះលើជញ្ជាំង និងដំបូលប្រាសាទ ដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។

ជាមួយគ្នានេះ ក្រុមការងារក៏បានជួសជុលពង្រឹងផ្នែកដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខ បិទភ្ជិតជញ្ជាំងប្រេះហែក ពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើតនិងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូររំដោះទឹកភ្លៀងចេញពីប្រាសាទផងដែរ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ