យ៉ាងហោច៦នាក់ស្លាប់ ក្នុងភ្លើងឆេះមន្ទីរពេទ្យនៅព្យាបាលអ្នកមានផ្ទុកជំងឺកូវីដ-១៩នៅទីកុ្រងMumbai
អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនាថាមានអគ្គីភ័យឆាបឆេះ ឡោមព័ទ្ធមន្ទីរពេទ្យ ព្យាបាលអ្នកមានផ្ទុកជំងឺកូវីដ-១៩នៅទីក្រុងម៉ុមប៊ៃ(Mumbai)។ នៅក្នុងការហេតុការណ៍នេះដែរយ៉ាង ហោច ណាស់មានមនុស្ស៦នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។
ប៉ុន្តែសាកសពទាំង៦នោះ គេមិនទាន់ដឹងអត្តសញ្ញាណថាជាអ្នកជម្ងឺកូវីដ-១៩ បុគ្គលិកសុខាភិបាល ឬជាប្រជាពលរដ្ឋធម្មតានោះនៅឡើយទេ។ ចំពោះមូលហេតុនៃអគ្គីភ័យនេះគឺមិនទាន់មាននរណាដឹងនៅឡើយទេ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត។
មន្រ្តីពលរដ្ឋក្នុងតំបន់បាននិយាយថាអ្នកជំងឺជាង ៧០ នាក់ដែលកំពុងផ្ទុកមេរោគកូវីដ-១៩នៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់ជាន់ទី ៣ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ផ្សេងទៀត។ទីក្រុងបុមបៃកំពុងពុះពារឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៃជំងឺរាតត្បាតកូវីដ-១៩ និងបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៥៥០០ ករណីក្នុងមួយថ្ងៃនៅក្នុងកាលពីថ្ងៃទី២៥ មីនា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសនេះ៕