អូស្ត្រាលី ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅរដ្ឋអូស្ត្រាលីខាងត្បូង (South Australia) កំពុងបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំមួយ ដែលនៅតែកំពុងបង្កការគំរាមកំហែង គួរឲ្យកត់សម្គាល់ដល់តំបន់ទីប្រជុំជនជាច្រើន។

 

ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៣០០នាក់បានចំណាយពេលពេញមួយយប់ថ្ងៃអាទិត្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រហែល ០៤៖០០នាទីល្ងាច (ម៉ោងនៅអូស្រ្ដាលី) ថ្ងៃអាទិត្យ ទី២៤ ខែមករា នៅក្បែរតំបន់សួនឈើរី (Cherry Gardens) នៃខ្ពង់រាប អាដេឡែដ (Adelaide Hills)។ ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនេះ ត្រូវបានបន្ទាបពីកម្រិត «អាសន្ន» ដល់កម្រិត «ឃ្លាំមើល និងធ្វើសកម្មភាព» ប៉ុន្តែនៅតែជាការគំរាមកំហែងដ៏គួរឲ្យកត់សម្គាល់។

សីតុណ្ហភាពលើសពី ៤០អង្សាសេនៅទូទាំងរដ្ឋខាងលើនេះកាលពីចុងសប្តាហ៍មុន បានធ្វើឲ្យសភាពកាន់តែធ្ងន់ធ្ងរ ដោយសារខ្យល់បក់ខ្លាំងបង្កើតបានជាភ្លើងឆេះព្រៃ ដ៏គ្រោះថ្នាក់បំផុតនៅរដូវនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសឡើយ ខណៈអគារមួយចំនួនត្រូវបានបំផ្លាញ ហើយពេលនេះប៉ូលីសអូស្រ្ដាលីភាគខាងត្បូង កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃភ្លើងឆេះព្រៃនេះ ដោយពួកគេសង្ស័យថា វាត្រូវបានគេដុតដោយចេតនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ