ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson & Johnson ចំនួនពាក់កណ្តាលក្នុងចំណោម ១លានដូសដែលជាជំនួយរបស់អាមេរិកផ្ដល់ជូនកម្ពុជា នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដា ក្នុងសប្ដាហ៍នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់នៃវ៉ាក់សាំង Johnson & Johnson ចំនួនជាង ១ លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ តាមរយៈយន្តការកូរ៉ាក់ (COVAX)ផងដែរ។
បើតាមទូតអាមេរិកអំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ ការមកដល់លើកដំបូងនៃវ៉ាក់សាំងទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១)៕sp