ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចុះផ្សាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងពិចារណាលើលទ្ធភាពនៃការកាត់បន្ថយកងទ័ពពីកូរ៉េខាងត្បូង។ ប្រទេសទាំងពីរបានជជែកគ្នាតាំងពីខែកញ្ញាឆ្នាំមុនមកម៉្លេះ ជុំវិញការរួមចំណែកចំណាយលើកងទ័ពអាមេរិកដែលកំពុងប្រចាំការនៅកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្ដីមន្ដ្រីអាមេរិកនិយាយថា អាមេរិកនិងកូរ៉េខាងត្បូងនៅតែមិនចុះសម្រុងគ្នាជុំវិញការទាមទាររបស់លោកត្រាំ ដែលចង់ឲ្យទីក្រុងសេអ៊ួលបង្កើនការចំណាយសម្រាប់កងទ័ពអាមេរិកនៅទីនោះ។

កាសែតWall Street Journalបានចុះផ្សាយកាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានបង្ហាញទៅសេតវិមានពីជម្រើសដើម្បីកាត់បន្ថយទ័ពអាមេរិកនៅកូរ៉េខាងត្បូង ដែលបច្ចុប្បន្នមានទ័ពអាមេរិកសរុបចំនួន២៨,៥០០នាក់។ មន្ដ្រីអាមេរិកបន្ដថាការធ្វើដូច្នេះជាផ្នែកមួយនៃការពិនិត្យឡើងវិញនូវផែនការកាត់បន្ថយការដាក់ពង្រាយទ័ពអាមេរិកទូទាំងពិភពលោក។ យ៉ាងណាមិញកាសែតដដែលមិនបានបញ្ជាក់ថានឹងត្រូវកាត់បន្ថយទ័ពប៉ុន្មានពីកូរ៉េខាងត្បូងទេ ហើយក៏ពុំទាន់មានការសម្រេចចិត្ដដែរព្រោះកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។

លោកដូណាល់ ត្រាំកាលពីខែមុនបានឲ្យដឹងថា រដ្ឋបាភិបាលរបស់លោកក៏មានបំណងចង់កាត់បន្ថយទ័ពអាមេរិកនៅអាល្លឺម៉ង់ផងដែរ ទុកតែ២៥,០០០នាក់ប៉ុណ្ណោះខណៈចំនួនសរុបមាន៣៤,៥០០នាក់។ អាមេរិកថាទីក្រុងប៊ែកឡាំងចំណាយមិនស្មើភាពគ្នាទៅលើកងទ័ពអាមេរិក។ ដោយឡែកអាមេរិកនិងជប៉ុនក៏នឹងពិភាក្សាពីការចំណាយលើកងទ័ពអាមេរិកប្រចាំនៅជប៉ុននាឆ្នាំនេះដែរ។ កិច្ចពិភាក្សាទំនងជាតានតឹងដោយសារលោកត្រាំចង់ឲ្យជប៉ុនចំណាយបន្ថែមសម្រាប់កងទ័ពអាមេរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ