រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីបញ្ជាក់ ស្តីពី ការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ។ ចំពោះកម្មវត្ថុ ៖ ស្តីពីការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិឡើងវិញ និងយោង៖ លិខិតលេខ ៦០១៦ មស.ត្ររ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ។
ការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬ ផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងពេលកំពុងដំណើរការនៃការរៀបចំផ្ទេររចនាសម្ព័ន្ធនិងបុគ្គលិកឱ្យ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយផ្អែកលើតម្រូវការ និងសំណូមពរការងារចាំបាច់របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមុខងារសាធារណៈសូមធ្វើការណែនាំពីការធ្វើប្រក្រតីភាពឡើងវិញលើការ ផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដូចខាងក្រោម៖
១- អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដែល បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញនានាដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ។
២- អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដែល បម្រើការងារនៅរដ្ឋបាលរាជធានី ខេត្ត។
៣- ផ្អាកការផ្ទេរចេញពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ឬរដ្ឋបាល ថ្នាក់ជាតិ រហូតដល់មានការសម្រេចជាថ្មី។ ប៉ុន្តែរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចធ្វើការផ្លាស់ប្តូរកន្លែងធ្វើ ការរបស់មន្ត្រីរាជការរវាងអង្គភាពមួយទៅអង្គភាពមួយទៀត ព្រមទាំងការតែងតាំង ឬប្រគំល់ភារកិច្ចមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ដោយអនុលោមតាមគោលការណ៍ បែបបទ និង នីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមាន៕SP