អាមេរិក៖ កាលពីថ្ងៃច័ន្ទ ចៅក្រមសហរដ្ឋអាមេរិកនៅរដ្ឋ Florida បានច្រានចោលការចោទប្រកាន់ លោក Alex Saab ពីបទសំអាតប្រាក់ខុសច្បាប់ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro ប៉ុន្តែលោកនៅតែត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការសំអាតប្រាក់ខុសច្បាប់ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានReutersនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាបប់ដីកានេះចេញដោយចៅក្រមថ្នាក់ស្រុករបស់សហរដ្ឋអាមេរិកគឺលោក Robert Scola។ ប៉ុន្តែការចោទប្រកាន់មួយពីបទសមគំនិតសំអាតប្រាក់ខុសច្បាប់ តម្រូវឲ្យជាប់ពន្ធនាគារយ៉ាងច្រើនរយៈពេល ២០ឆ្នាំ។

រដ្ឋអាជ្ញាបាននិយាយថា លោក Saab ដែលជាអ្នកជំនួញម្នាក់ មានកំណើតនៅប្រទេសកូឡុំប៊ី និងជាពាណិជ្ជករកំពូលម្នាក់សម្រាប់រដ្ឋាភិបាលសង្គមនិយមរបស់ប្រធានាធិបតីលោក Maduro បានផ្ទេរប្រាក់ប្រហែល ៣៥០ លានដុល្លារអាមេរិក ពីប្រទេសវេណេហ្ស៊ុយអេឡាតាមរយៈសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់ដែលភ្ជាប់ទៅនឹងអត្រាប្តូរប្រាក់ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសវេណេហ្ស៊ុយអេឡា។

មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់លោក Saab គឺលោក Henry Bell បានប្រាប់សារព័ត៌មាន Reuters ថា កូនក្តីរបស់លោកនឹងឆ្លើយតបចំពោះការចោទប្រកាន់នេះថា លោកមិនមានកំហុសទេនៅក្នុងសវនាការដែលបានគ្រោងទុកនៅថ្ងៃច័ន្ទ ប៉ុន្តែសវនាការនោះត្រូវបានពន្យារពេលដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ ហើយលោក Bell បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើការសម្រេចកាលពីថ្ងៃច័ន្ទឡើយ។

សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីលោក Maduro បានចាត់ទុកការស្វែងរកកំហុសរបស់ លោក Saab ដោយទីក្រុងវ៉ាស៊ីនតោនថាជាផ្នែកមួយនៃ “សង្គ្រាមសេដ្ឋកិច្ច” លើប្រទេសវេណេហ្ស៊ុយអេឡាដែលត្រូវបានធ្វើដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ករណីនេះបានធ្វើឲ្យទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុង Caracas ធ្លាក់ចុះនៅពេលដែលទំនាក់ទំនងមិនចុះសម្រុងគ្នារួចមកហើយ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ