ពាក្យថា «ភ្ជុំបិណ្ឌ» មកពីពាក្យ «ភ្ជុំ» រួមគ្នាជាមួយពាក្យ «បិណ្ឌ» ដែលមានន័យថា៖ ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចច្នេះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា «ការប្រជុំ ឬប្រមូលផ្តុំដុំបាយ» (ការពូតដុំ បាយជាដុំៗដែលយើងហៅថា «បាយបិណ្ឌ»)។ 

បើតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាថ្ងៃកាន់បិណ្ឌ។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា «ពិធីបុណ្យបិណ្ឌភ្ជុំ» នេះឯង។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាជនខ្មែរប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូន  ដល់មាតា បិតា ញាតិការទាំងប្រាំពីរសណ្ដាន ព្រមទាំងបុព្វការីជន ព្រមទាំងពពួកប្រេតទាំងឡាយដែលបានលាចាកលោកទៅ ឲ្យមកទទួលមគ្គផលពីបងប្អូន កូនចៅ ដែលនៅរស់។ ម្យ៉ាងទៀតប្រជាជនខ្មែរមានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំ និងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក ថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិយ៉ាងវេទនា។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។

ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាតិ ឬកូនចៅរបស់ពួកគេតាមរយៈការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដាសារឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។

ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ