ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ រាល់ថ្លៃ ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ អាជីវករ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូន ភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានបញ្ជាក់ថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់ថ្លៃ ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូន ភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែល បានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងទេសចរណ៍ បន្ដថា ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរ តាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ និងត្រូវចាត់វិធានការតាមគ្រប់ រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយ បុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ។

ក្រសួងទេសចរណ៍ បន្ថែម  ត្រូវធ្វើការណែនាំម្ចាស់ទូក កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវ ទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ