នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ សាស្រ្ដាចារ្យរង និងជាប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញពីឯកសារស្រាវជ្រាវទាំងប៉ុន្មាន ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។ 

លោកបណ្ឌិត ប្រ៊ីស វុំាងសង់ បានជម្រាបឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាថា លោកបានប្រមែប្រមូលឯកសារដែលពាក់ព័ន្ធក្នុងតំបន់រមណីយដ្ឋាន និងដែលមានប្រយោជន៍ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់ជាឯកសារជាតិ។ តាមការបញ្ជាក់របស់លោកបណ្ឌិត ប្រ៊ីស វុំាងសង់ ដើម្បីឱ្យដំណើរការចងក្រងឯកសារទាំងនេះមានប្រសិទ្ធភាពល្អ វិជ្ជាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ រួមមានមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាជាដើម។ល។

លោកហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិទ្យាស្ថានបារាំងចុងបូព៌ា ដែលយល់ព្រមប្រគល់ឯកសារទាំងអស់មកឱ្យអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក ក៏ស្នើដល់ភាគីបារាំង ពិនិត្យលទ្ធភាពប្រគល់រាល់ឯកសារលម្អិតៗបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានសរសេរឬចងក្រងរួច៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ