ចូលហាងផឹកស៊ីដកកាំភ្លើងខ្លីបាញ់ផ្អើលអ្នកជិតខាង ចុងបញ្ចប់មន្ត្រីនគរបាល៣រូប ត្រូវបានដកតួនាទីនិងដាក់ពិន័យ
មន្ត្រីនគរបាល១នាក់ ក្នុងចំណោមបក្សពួក៣នាក់ បានចូលហាងផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់២គ្រាប់ បណ្ដាលឲ្យមានការភ័យខ្លាចដល់អ្នកជិតខាងយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាចកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងចំណុចក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ី បាននិយាយថា ករណីបាញ់បោះសេរីនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ី៣នាក់ អ្នកបាញ់ជាមន្ត្រីនគរបាល ហើយការបាញ់នេះ មិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺផឹកស្រាបៀរស្រវឹងស្រឿងៗបាញ់លេង ដើម្បីកម្សាន្តអារម្មណ៍ប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍នោះរួមមក មន្ត្រីនគរបាលប៉ុស្តិ៍អូរអំបិលដឹកនាំដោយលោក វទ្ធី បានចុះទៅដល់ហាង។
ក្រោយពីមានការផ្ទុះអាវុធក្នុងវង់ផឹកស៊ីកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០រួចមក លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០នេះ លោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្ដិ និងពិន័យរដ្ឋបាលដល់ មន្ត្រីនគរបាលបីរូប ដែលមានការពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់។
លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីនគរបាល៣ រូបដែលជាប់ពាក់ព័ន្ធត្រូវបានដកតួនាទីបន្ថយសក្តិ និងពិន័យរដ្ឋបាលរួចហើយ ក្នុងនោះជនដៃដល់ ក្នុងការផ្ទុះអា វុធ មាន ឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែក នៃការិយាល័យសរុបវិភាគ ត្រូវបានដកតួនាទីបន្ថយសក្តិពីថ្នាក់វរសេនីយ៍ត្រីមកត្រឹមអនុសេនីយ៍ទោ សៀក ប៊ុនសៀង បន្ថយសក្តិ២មកត្រឹមព្រឹន្ទបាលឯក ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ីនិងបានដកកាំភ្លើងពីខ្មាន់កាំភ្លើង ត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើងបីខែ។
លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ឈ្មោះ ឧត្តម ឆរ័ត្ន បានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះតែឈ្មោះនេះ ជាបុគ្គលដែលមានឆន្ទៈក្នុងការដកអាវុធពីក្រុមជនបង្ក។ តែឈ្មោះ ឧត្តម ឆរ័ត្ននេះ ក៏ត្រូវបានដាក់ពិន័យ៣ខែ ក្នុងនាមជាកងកម្លាំង ដែលស្ថិតក្នុងហេតុការណ៍នោះ ដោយមិនឲ្យរួចខ្លួនឡើយ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់ពិន័យនិងដកតួនាទីលើមន្ត្រីនគរបាលខាងលើ ធ្វើឡើងដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀត កុំឲ្យប្រព្រឹត្តខុសតទៅទៀត៕SP