គិតចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ឈានដល់ការបង្រ្កាបបានទាំងស្រុង និងចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ហើយបានរំដោះជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ ។

សូមបញ្ជាក់ថានៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង០០ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៤ និង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន ៥០០,០០០Yuan (ហាសិបម៉ឺនយ័ន្ត) ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល ។

ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាននៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងសហការបានចាប់ជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិ ទីរួមខេត្តកំពង់ស្ពឺ ពេលជិះរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន ៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២ (មធ្យោបាយជំរិតទារប្រាក់) ។ 

បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និង កម្លាំងអន្តរាគមន៌ពិសេស បន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងនៅ ក មានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ(ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន រួចរត់ចូលក្នុងព្រៃជ្រៅ ស្របពេលមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងសមត្ថកិច្ច នៅតែបន្តរុករកយ៉ាងសកម្ម ។ 

រហូតដល់រសៀល ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី ទើបសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស

ករណីនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ។ បើតាមលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ក្រុមនេះជាក្រុមជំនាញ ខាងធ្វើសកម្មភាព ប្លន់ និង ចាប់ជំរឹត ទារប្រាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ