តាមរយ:គណនីហ្វេសប៊ុកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានថ្លែងថា « នៅថ្ងៃទី១៤ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តទៀតថា ក្នុងថ្ងៃកាន់បិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ឆ្លៀតនាឳកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕SP