ដើមកញ្ឆាចំនួន ១៤២៦ដើម ដែលក្រុមជនល្មើសលួចដាំនៅក្នុងភូមិសាស្ត្រព្រៃភ្នំក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបដកកាប់និងដុតកម្ទេចចោលនៅហ្នឹងកន្លែង។
កិច្ចប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចឃ្លាំងជីមួយកន្លែងដែលស្ថិតក្នុងសំណាញ់ ឃុំក្រពើ២ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ ។កិច្ចប្រតិបត្តិការបង្ក្រាបកាប់ដកដុតបំផ្លាញចោលដើមកញ្ឆានេះ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់លោក អ៊ឹង គឹមលាង រួមនឹងអាជ្ញាធរពាក់ព័ន្ធ។
អធិការនគរបាលស្រុកវាលវែងលោក ធាង ឡេង បានអោយដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរកទីតាំងជាយូរទើបជួបប្រទះហើយក៏បានរៀបចំផែនការចុះធ្វើការបង្ក្រាបនៅចំណុចខាងលើដែលសម្បូរទៅដោយព្រៃភ្នំហើយមានស្ថានភាពលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំឆ្លងអូដែលធ្វើអោយពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់ ។
អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង ១៤២៦ដើមនៅនឹងកន្លែងតែម្តង ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆាខាងលើនេះដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ថា ការបង្ក្រាបករណីដាំកញ្ឆាលួចលាក់ក្នុងព្រៃភ្នំនៃស្រុកវាលវែងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងដុតបំផ្លាញម្ដងរួចហើយផងដែរ៕SP