សម្តេចតេជោថ្លែងអំណរគុណចិនសម្រាប់ការផ្តល់វ៉ាក់សាំងការពារកូវីដ១៩ មកកម្ពុជាខណៈប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនមានវ៉ាក់សាំងចាក់នៅឡើយ
នៅក្នុងហ្វេសបុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ អបអរសាទរក្នុងឱកាសដែលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ជាលើកដំបូង ដោយក្នុងសារនោះបានបញ្ជាក់ថា «ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្សរដ្ឋកងទ័ព និងប្រជាជនចិន ពិសេស លោកប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា»។
សម្តេចតេជោបានមានប្រសាសន៍បន្តថា «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។
សម្តេចក៏បានផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់»។
សូមបញ្ជាក់ថា ក្នុងការចាក់វាក់សាំង ជាលើកដំបូងនេះដែរ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា ដែលជាកូននិងកូនប្រសារសម្ដេច ហ៊ុន សែនព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនអ្នកទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមបញ្ជាក់ថា ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន៖
- នៅមន្ទីរពេទ្យកាល់ម៉ែត
- មន្ទីរពេទ្យព្រះអង្គឌួង
- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
- មន្ទីរពេទ្យកុមារជាតិ៕SP