លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោករដ្ឋមន្ត្រី ប្រាក់ សុខុន  ក្នុងចំណោមរដ្ឋមន្ត្រីក្រសួងមួយចំនួន ដែលបានជួបប្រាស្រ័យផ្ទាល់ក្នុងព្រឹត្តិការណ៏ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០។

នៅរសៀលថ្ងៃ១៨វិច្ឆិកានេះ តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរថា លោក មានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទី៤នាព្រឹកមិញថ្ងៃ១៨វិច្ឆិារបស់លោក គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត។

ដោយឡែក« លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមរយៈទំព័រហ្វេសប៊ុករបស់លោកបានសរសេរថា លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា១។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ