ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១២ ខែធ្នូ  ឆ្នាំ២០២០ នេះ មន្ត្រីរាជការ ក្រសួងមហាផ្ទៃ បានតម្រង់ជួរដើម្បីចូលធ្វើតេស្ដរកវិរុសកូវីដ-១៩ លើកទី២ និងលេីកទី៣ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ 

សូមជម្រាបថា ចំណែកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ផ្សេងៗទៀតត្រូវ ធ្វើតេស្តរកវិរុសកូវីដ-១៩ លេីកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ នេះមានដូចជា ៖

ទី១-ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។ 

ទី២-ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក។ 

ទី៣-រដ្ឋសភា ម៉ោង៩៖០០ព្រឹក។ 

ទី៤-ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក។ 

ទី៥-ផ្ទះលោក ហ៊ុន ម៉ានី ម៉ោង១១ព្រឹក។ 

ទី៦-ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ។ 

និងទី៧-ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

ជាងនេះទៅទៀត ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យបុគ្គលទាំងអស់ ដែលនឹងចូលរួមធ្វើតេស្តរកកូវីដ-១៩ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ត្រូវអនុវត្តការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យចម្លងកូវីដ១៩ នៅពេលទៅធ្វើតេស្ត។

សូមរំលឹកថា នាពេលកន្លងទៅ ក្នុងការធ្វើតេស្តចំពោះ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ ដោយសារតែអ្នកទៅធ្វើតេស្តមិនបានរក្សាគម្លាតឲ្យបានល្អ ដែលពួកគេបារម្ភខ្លាចមានការចម្លងកូវីដ១៩ នៅក្នុងឱកាសនោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ