នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុង ចេញពីបរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។

បើតាមការបញ្ជាក់នៅក្នុងហ្វេស ប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កិច្ចការទាំងនេះ បានចាប់ផ្តើមដំណើរការកាលពីដើមឆ្នាំ២០២០មកម្ល៉េះដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។

នៅក្នុងហ្វេស ប៊ុកដដែល ក៏បានឲ្យដឹងបន្ថែមថា ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ តទៅ នៅក្នុងបរិវេណនៃបណ្តុំអាគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។

សូមជម្រាជូនដែរថា តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងកែប្រែតំបន់អតីតសំណង់ដែលរុះរើនេះហើយរៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិន ក្រអូប ដើម្បីឲ្យទីតាំងនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរឡើង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ