បើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨ ខែសីហានេះបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី/ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និង លទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដែលបានប្រកាសចាប់ផ្តើមកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។
ក្រសួងយុត្តិធម៌បានអះអាងថា ជាលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១០០ថ្ងៃ កន្លងទៅនេះ សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស មានចំនួនសរុប ៨,១១៣ សំណុំរឿង ស្មើនឹង ៦៣% នៃសំណុំរឿងដែលបានកកស្ទះកន្លងមក។
ក្រសួងបន្តថា ដោយផ្អែកលើការខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្ដាសាលាដំបូងរាជធានី ខេត្ត ដោយក្រុម ការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គ.យ.ក.ស. និងជាពិសេស ដោយមានការចូលរួមដ៏សកម្មប្រកប ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានា, គ.យ.ក.ស. រំពឹងទុកថា សាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេស នឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាម អង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុង យុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ជាមួយគ្នានេះ គ.យក.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធនាការ ក្នុងការជំរុញការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ៕sp