សេចក្តីបំភ្លឺព័ត៌មានក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណ:។

នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ។

រសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក លោក សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាងកាត់សក់ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារភាព និងទទួលស្គាល់ថាឯកសណ្ឋាននគរបាលជាតិ (អាវនោះ) គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ជាស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី ០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីកន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្ដពាក់ផ្លាកលេខនគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់អាវថតរូប ដោយលោក ង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បើថតផុសក្នុងហ្វេសប៊ុកបានអត់ គាត់ឆ្លើយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចីសោររថយន្តដើម្បីបើកទ្វារអង្គុយថត គាប់ជួនពេលនោះមានព្រះសង្ឃនិមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យដាក់បាតលោក ដោយគ្រងឯកសណ្ឋាននគរបាលជាតិផងដែរ។

ឈ្មោះ ផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពខាងលើ គឺខ្ញុំមិនបានដឹងថាជាអំពើខុសច្បាប់នោះទេ ព្រោះលោកឧត្ដមសេនីយ៍ ង៉ាម រី គាត់ជានគរបាលជាតិមានឋានៈខ្ពស់បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុងហ្វេសប៊ុក។

លោក ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។

ដោយឡែកចំពោះលោក ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណស្នងការនឹងគោរពស្នើសុំមតិចង្អុលដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ