នាយករដ្ឋមន្ដ្រីលីបង់លោកHassan Diab បានប្រកាសចុះចេញពីតំណែងជាផ្លូវការ និងប្រកាសពីការចុះចេញនៃរដ្ឋាភិបាលរបស់លោកទាំងមូល ឈប់ដឹកនាំប្រទេសលីបង់តទៅទៀតហើយ។ ការប្រកាសដូច្នេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំ រហូតឈានដល់ហិង្សាប៉ះទង្គិចគ្នារវាងក្រុមបាតុករជាមួយប៉ូលិស។ ប្រជាជននាំគ្នាចេញតវ៉ាតាមដងផ្លូវនៅក្នុងរដ្ឋធានីបេរូត ដោយសារតែពួកគេខឹងសម្បារក្រោយហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារធាតុគីមី ផ្ដាច់ជីវិតមនុស្សជាង២០០នាក់ បាត់ខ្លួនជាង១០០នាក់ និងរបួសរាប់ពាន់នាក់ ព្រមទាំងបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាជន និងបង្កផលប៉ះពាល់ផ្សេងៗទៀតជាច្រើន។

ថ្លែងទៅកាន់ប្រជាជាតិតាមប៉ុស្ដិ៍ទូរទស្សន៍កាលពីល្ងាចថ្ងៃទី១០សីហា លោកនាយករដ្ឋមន្ដ្រីHassan Diabបាននិយាយថា លោកនៅជាមួយការអំពាវនាវរបស់ប្រជាជនឲ្យមានការទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ ការបំផ្ទុះគឺជាលទ្ធផលនៃអំពើពុករលួយដែលកំពុងរាលដាល។ លោកគិតថាលោកអាចដោះស្រាយបញ្ហាពុករលួយបាន ប៉ុន្ដែរឿងកើតឡើងនៅពេលនេះធំជាងរដ្ឋនិងប្រព័ន្ធរដ្ឋ ដូច្នេះលោកសូមប្រកាសពីការចុះចេញរបស់លោកនិងរដ្ឋាភិបាលរបស់លោក។

លោកបន្ថែមថា មន្ដ្រីរដ្ឋាភិបាលជាច្រើនរូបបានចុះចេញពីតំណែង ដោយសារពួកគេខ្វល់ខ្វាយពីប្រទេសជាតិ ប៉ុន្ដែលោកចោទប្រកាន់ទៅគូប្រជែងនយោបាយ ពីការឆ្លៀតឱកាសមានវិបត្ដិកើតឡើងស្វែងរកពិន្ទុនយោបាយ និងបំផ្លាញអ្វីដែលនៅសេសសល់របស់រដ្ឋ។

លោកDiabបានដាក់លិខិតលាលែងពីតំណែងជាផ្លូវការទៅលោកប្រធានាធិបតីMichel Aoun ប្រហែលមួយម៉ោងក្រោយការថ្លែងទៅកាន់ប្រជាជាតិ។ លោកប្រធានាធិបតីក៏បានទទួលយកការសុំចុះចេញពីតំណែង ប៉ុន្ដែស្នើសុំឲ្យរដ្ឋាភិបាលនៅបន្ដការងារបណ្ដោះអាសន្នរហូតដល់បង្កើតបានរដ្ឋាភិបាលថ្មី។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី០៤ខែសីហាមានហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីជាច្រើន ក្នុងនោះមានសារធាតុអាម៉ូញ៉ូមនីត្រាតប្រមាណជាង២ពាន់តោន បានសម្លាប់មនុស្សជាង២០០នាក់និងរបួសជាង៦ពាន់នាក់។ ស្របពេលកំពុងប្រឈមគ្រោះមហន្ដរាយធ្ងន់ធ្ងរដូច្នេះ អន្ដរជាតិក៏បង្ហាញការគាំទ្រដល់លីបង់និងបានគៀរគរគ្នាផ្ដល់ជំនួយជួយលីបង់ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ