អាមេរិក៖ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន ក្រោយការស៊ើបអង្កេតមួយរកឃើញថា លោកបានបៀតបៀនផ្លូវភេទលើស្ត្រី១១នាក់ និងមានការអំពាវនាវអោយចុះចេញពីតំណែងពីសំណាក់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Reuter។

នៅក្នុងសុន្ទរកថារយៈពេល២០នាទីតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Andrew Cuomo នៅតែបដិសេធថា លោកមិនបានធ្វើខុសអ្វីទាំងអស់ បើទោះបីជាលោកបញ្ជាក់ថា លោកទទួលខុសត្រូវទាំងស្រុងចំពោះការបៀតបៀនលើស្ត្រីទាំងនោះ ដោយមិនបានរៀបចំផែនការអាក្រក់ណាមួយទុកជាមុនក៏ដោយ ។ 

យ៉ាងណាមិញ ការលាលែងចេញពីតំណែងជាអភិបាលរដ្ឋញូយ៉ករបស់លោក Andrew Cuomo នឹងត្រូវចូលជាធរមាននៅក្នុងរយៈពេល១៤ថ្ងៃ ហើយអភិបាលរងលោកស្រី Kathy Hochul នឹងត្រូវឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កថ្មី រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។

សូមជម្រាបថា លោក Andrew Cuomo បានឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កចាប់តាំងពីឆ្នាំ២០១១មក បានប្រកាសលាលែងពីតំណែង បន្ទាប់ពីអគ្គរដ្ឋអាជ្ញារដ្ឋញូយ៉ក លោកស្រី Letitia James កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ បានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យ ដែលចំណាយពេលអស់៥ខែ ជាមួយការសន្មត់ថា លោក Cuomo ពិតជាបានប្រព្រឹត្តទង្វើបំពានច្បាប់របស់រដ្ឋញូយ៉ក និងច្បាប់សហព័ន្ធអាមេរិក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ