ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ត្រូវបានជម្លៀសចេញពីបន្ទប់ធ្វើសន្និសីទកាសែតក្នុងសេតវិមានភ្លាមៗកាលពីថ្ងៃទី១០សីហា បន្ទាប់ពីមានការបាញ់ប្រហារមួយកើតឡើងនៅខាងក្រៅរបងសេតវិមាន។

ប៉ុន្មាននាទីក្រោយមកទើបលោកត្រឡប់ទៅធ្វើសន្និសីទកាសែតវិញ ហើយបាននិយាយថាមានមនុស្សម្នាក់ត្រូវបានបាញ់ដោយមន្ដ្រីអនុវត្ដច្បាប់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

លោកត្រាំបានបញ្ជាក់បន្ថែមថា វាគឺជាការបាញ់កាំភ្លើងនៅខាងក្រៅសេតវិមាន។ វាដូចជាស្ថិតក្រោមការគ្រប់គ្រងល្អណាស់ ប៉ុន្ដែមានការបាញ់ប្រហារកើតឡើងជាក់ស្ដែងមែន ហើយមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្ដែលោកមិនបានដឹងពីស្ថានភាពមនុស្សម្នាក់នោះទេ។ លោកអរគុណយ៉ាងខ្លាំងដល់កងកម្លាំងការពារសម្ងាត់របស់លោក ដែលបានបំពេញការងារយ៉ាងល្អនិងឆាប់រហ័ស។

បន្ទាប់ពីលោកត្រាំត្រឡប់មកបន្ទប់សន្និសីទកាសែត កងកម្លាំងការពារសម្ងាត់របស់លោកបានបញ្ជាក់នៅលើប្រព័ន្ធធ្វីតទ័រថា មានការបាញ់កាំភ្លើងកើតឡើងពាក់ព័ន្ធនឹងមន្ដ្រីម្នាក់។ កងកម្លាំងការពារសម្ងាត់បញ្ជាក់បន្ថែមថា ការស៊ើបអង្កេតលើករណីបាញ់ប្រហារនេះកំពុងធ្វើឡើងហើយ ប៉ុន្ដែអ្វីដែលអាចនិយាយបានជាបឋមការកើតឡើងនូវឧប្បត្ដិហេតុនេះ គឺជាការំលោភបំពានលើបរិវេណអគារសេតវិមាន ឬក៏កងកម្លាំងការពារសេតវិមានអាចស្ថិតក្នុងសភាពគ្រោះថ្នាក់ណាមួយបានជាមានការផ្ទុះអាវុធដូច្នេះ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ