សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ ដើម្បីធានាដល់សាធារណជន កុំឲ្យព្រួយបារម្ភអំពីសុវត្ថិភាពនៃផលិតផលត្រីក្នុងស្រុក បន្ទាប់ពីប្រទេសជប៉ុន ចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលសម្អាតរួច ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៩ មិថុនា ២០២៣។

ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាហេតុបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសរបស់ខ្លួន និងនៅប្រទេសជិតខាង ជាពិសេសនៅចិន ដែលទីក្រុងប៉េកាំង បានប្រកាសហាមប្រាមលើផលិតផលជលផលទាំងអស់ពីជប៉ុន រួចទៅហើយ។

នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលនិយាយថា ខ្លួនមិនបានរកឃើញបញ្ហាផ្នែកវិទ្យាសាស្ត្រ ឬបច្ចេកទេសណាមួយពាក់ព័ន្ធការបង្ហូរទឹកនេះទេ ប៉ុន្តែក្តីព្រួយបារម្ភជាសាធារណៈ នៅតែមានកម្រិតខ្ពស់លើអាហារសមុទ្រ និងមហាសមុទ្រកខ្វក់។

ក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនាយករដ្ឋមន្រ្តី Han Duck-soo, លោក Yoon បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រ។ អាហារដ្ឋានរបស់ការិយាល័យប្រធានាធិបតី ក៏មានត្រីឆៅនៅក្នុងម៉ឺនុយអាហារថ្ងៃត្រង់ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ។

គួរបញ្ជាក់ជាថ្មី ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រ ហ្វូគូស៊ីម៉ា គឺមិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ។ យ៉ាងណាក៏ដោយ ឧស្សាហកម្មនេសាទ នៅតែបារម្ភពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្រើប្រាស់គ្រឿងសមុទ្រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ