សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារប្រចាំការ  ដេីម្បីធ្វេីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី  ការដាក់កំហិតលេីការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងសេចក្ដី សម្រេចរបស់ក្រសួងមហាផ្ទៃ  ចេញផ្សាយចេញនៅថ្ងៃទី១០  ខែមេសា  ឆ្នាំ ២០២០  បានឲ្យដឹងថា  ក្រុមប្រចាំការ ដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនេះ មានសមាសភាពចំនួន ១៣រូប រួមមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន  និងអនុប្រធាន ២រូប គឺឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំង សមាជិក ១០រូប ជាអគ្គស្នងការនគរបាលជាតិ អគ្គលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយក អគ្គស្នងការរងស្នងការនគរបាលជាតិ អគ្គនាយករង រួមទាំងអនុប្រធានសេនាធិការ។

ក្រុមប្រចាំការរបស់ក្រសួងមហាផ្ទៃ ទើបបង្កើតថ្មីនេះ ត្រូវប្រចាំការ ដើម្បីតាមដានព័ត៌មាន និងក្តាប់សភាពការណ៍នានាអំពី ការអនុវត្តបទបញ្ជាលេខ០២ ប.ប ដើម្បីគោរពរាយការណ៍ និងសុំមតិដឹកនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំដៅដោះស្រាយ ឆ្លើយតបបញ្ហានានា ក្នុងាករអនុវត្តបទបញ្ជាឲ្យបានទាន់ពេលវេលា។

បទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល បានកំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តកាលពីយប់ថ្ងៃទី៩មេសា រហូតដល់ម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៦ ខែមេសា ពោលគឺក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីជាវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិ ស្រុកយើង ក្នុងអំឡុងពេលចូលឆ្នាំ៕

ដោយ  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ