ការសិក្សាពីបុរេប្រវត្តិសាស្រ្តកម្ពុជា តម្រូវឱ្យយើងសិក្សាពីអាយុកាលនៃទឹកដីខ្មែរផងដែរដែលជាប់ទាក់ទងនឹងប្រវត្តិអាស៊ីអាគ្នេយ៍ទាំងមូល។

I ដើមកំណើតទឹកដីខ្មែរនិងជនជាតិខ្មែរ

១.១. កំណើតទឹកដី

នៅស័កទី ១ ភូមិភាគអាស៊ីអាគ្នេយ៍បានប្រទះនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យាង និង អ៊ែរសីុន្យាង ដែលបង្កើតឱ្យមានជួរភ្នំនិងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាណនិងសព្វថ្ងៃ។ ប៉ុន្តែពំនើងផ្នត់ទាំងពីរនេះ ត្រូវលិចទៅវិញរហូតដល់ចុងស័កទី ៣។ នៅដើមស័កទី ៤ ពំនើងផ្នត់នេះ ក៏ងើបម្ដងទៀត បង្កើតបានជាជួរភ្នំខ្ពង់រាប វាលទំនាប និងទន្លេ បឹងបួរដែលសណ្ដូកពីជួរភ្នំហិមាល័យរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី ៤ នេះដែរដោយសារតែមានចំនោរនិងលំនាចទឹកនាំឱ្យទឹកដីខ្មែរខ្លះងើបឡើង ខ្លះលិចទៅក្នុងទឹកសមុទ្រ។

នៅសតវត្សទី ៣ មុនគ្រិស្តសករាជ ទឹកសមុទ្របាននាចបន្តិចម្ដងៗ រីឯទន្លេមេគង្គបានហូរនាំដីល្បាប់មកចាប់បង្កើតបានជាដីសណ្តរចុះទៅទិសខាងត្បូង។ ទីតាំងនេះហើយជាទឹកដីខ្មែរយើង។

១.២. ជាយូរយារណាស់មកហើយ ដែលអ្នកសិក្សាស្រាវជ្រាវពីជនជាតិខ្មែរបានខិតខំទាញសម្មតិកម្មផ្លូវប្លែកៗពីគ្នា ទស្សនៈទាំងនេះនឹងអាចឱ្យយើងត្រិះរិះពិចារណានិងស្រាវជ្រាវបន្តពីអត្តសញ្ញាណជាតិខ្មែរ។

ក. ទស្សនៈលោក ឈឹម ក្រសេម

ខ្មែរយើងដើមឡើយជារដ្ឋ មួយនៅក្នុងប្រទេសឥណ្ឌាឈ្មោះថា «កុមេរុ» លុះក្រោយមកឥណ្ឌាមកផ្សាយវប្បធម៌ខ្លួននៅ «កម្ពុជរដ្ឋ» ហើយបានប្រើពាក្យ «កុមេរុ» នេះតរៀងមក។ បើតាមន័យនេះលោក ឈឹម ក្រសេម ចង់បញ្ជាក់ថា ពាក្យខ្មែរបានក្លាយមកពីពាក្យ «កុមេរុ» ដែលជាឈ្មោះជនជាតិនិងប្រទេសរបស់ខ្លួនកាលរស់នៅប្រទេសឥណ្ឌាម៉្លេះ។

(កុមេរុ > ក្មេរ > ខ្មែរ)។

ខ. ទស្សនៈលោក ស៊ក សឺដេស (G. Coedes)

តាមទស្សន:លោក ស៊ក សឺដែស បានឱ្យដឹងថា ពាក្យខ្មែរមកពីពាក្យផ្សំរវាងឈ្មោះ «កម្ពុ និង មេរា»។ គាត់សំអាងលើរឿងព្រេងខ្មែរក្នុងសិលាចារឹក បក្សីចាំក្រុង នាសវត្សទី ១០ «ឥសីកម្ពុស្វយម្ភុវ និង នាងទេពអប្សរមេរា» អ្នកទាំងពីរបានបង្កើតត្រកូល «សូរ្យវង្ស» ឡើងនៅរដ្ឋចេនឡា។

(កម្ពុ + មេរា > កម្ពុ + មេរ > កម្ព + មេរ > ក័ម + មេរ > កមេរ > ក្មេរ > ខ្មែរ)។

គ. ទស្សនៈលោក ពៅ ឈិន និង សម្ដេចព្រះសង្ឃរាជ ជួន ណាត

ទស្សនៈលោក ពៅ ឈិន ថាពាក្យខ្មែរមកពីពាក្យ ខេមរ: > ខ្មេរ > ខ្មែរ។ ព្រោះពេលព្រះថោងមកស្រុកខ្មែរបានប្ដូរនាមនគរពីនគរ គោកធ្លក មកក្រុងកម្ពុជាធិបតី (សុវណ្ណភូមិ)។

សម្ដេចព្រះសង្ឃរាជ ជួន ណាត មានសង្ឃដិការថា ពាក្យថាខ្មែរ ទំនងមកពីភាសាបាលីប្រែ «មនុស្សមានសេចក្តីក្សេមល្អ»។

(ខេមរ: > ខ + ម: + រ: > ប្រែថា «ក្សេមល្អ»)។

ឃ. ទស្សនៈលោក ឆត្រាប្រេម ឬឌី

លោក ឆត្រាប្រេម ឬឌី ជាអ្នកស្រាវជ្រាវខ្មែរនៅប្រទេសថៃ បានសរសេរអត្ថបទមួយថា «ខ្មែរមកពីណា» កាលពីសម័យបុរាណប្រទេសខ្មែរចែកជាពីរផ្នែក។ ផ្នែកខាងលើហៅថា «ជាន់លើ» ផ្នែកខាងក្រោមហៅថា «ក្រោមពូជ»។

(ក្រោមពូជ > ក្រមពូជ > កមពូជ ឬ ខម)។

ង. ទស្សនៈលោក កេង វ៉ាន់សាក់

តាមទស្សនៈលោក កេង វ៉ាន់សាក់ បានឱ្យដឹងថា ពាក្យខ្មែរក្លាយមកពីពាក្យ «ក + មេ + ក» មាននាទីឱ្យន័យរបស់ពាក្យកាន់តែខ្លាំងឡើង។

មេ : ដោយខ្មែរនិយមស្ត្រីជាធំក្នុងគ្រួសារ ឬនិយម «មេ»

(ក + មេ > កមេ +ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ)

រីឯពាក្យថា «កម្ពុជា» ក្លាយពីពាក្យ ក + ពូជជា។ ពូជជា មកពីខ្មែរ យើងពុំដែលធ្វើខ្ញុំកញ្ជះនរណាឡើយ។ ក + ពូជជា > កពូជជា > កម្ពុជា (បាលី-សំស្ក្រឹត)

តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញបរទេសនិងអ្នកប្រាជ្ញខ្មែរ និងនរវិទូ អាចឱ្យយើងសន្និដ្ឋានបានថាខ្មែរ ជាជនជាតិដើមមួយស្ថិតក្នុងអំបូរ ខ្មែរ-មន រស់នៅលើទឹកដី សុវណ្ណភូមិ តាំងពីយូរយារណាស់មកហើយ។ ខ្មែរ > ខ្មែរ-មន > ពួកមេឡានេសីុយាង + ឥណ្ឌូនេស៊ីយាង។

I Prehistory of CambodiaStudying Cambodian prehistory requires that we also study the age of Khmer territory, which is closely linked to the history of Southeast Asia.

ឯកសារយោង

កម្មវិធីសិក្សារបស់ក្រសួងអប់រំ សិក្សាសង្គមថ្នាក់ទី ១០, ទំព័រទី ១២៤, កំពុងសើចឆ្នាំ ២០០៦

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ