(WHO)៖អង្គការ​សុខភាពពិភពលោក WHO បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ដែនកំណត់​នៃ​ការ​កម្រិតធាតុពុល​នៅ​ក្នុង​ខ្យល់។ នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០០៥ ដែល​អង្គការ​សុខភាពពិភពលោក​បាន​ផ្តើម​ពិនិត្យមើល​ឡើង​វិញ​លើ​ការ​កំណត់​កម្រិត​ធាតុពុល​នៅ​ក្នុង​ខ្យល់​ដូច​ជា​ល្អងធូលី​តូច​ល្អិតឆ្មារ អូហ្សូន អាសូតឌីអុកស៊ីត ស្ពាន់ធ័រឌីអុកស៊ីត និង​កាបោនម៉ូណូអុកស៊ីត។

តាម WHO ធាតុពុល​ក្នុង​ខ្យល់​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​មនុស្ស​មុន​អាយុ​ចំនួន ៧លាននាក់​ក្នុង​មួយ​ឆ្នាំ។« មិន​មាន​អ្វី​សំខាន់​ចំពោះ​ជីវិត​ជាង​ខ្យល់​ទេ។ ក៏​ប៉ុន្តែ ដោយសារ​តែ​ការបំពុល​បរិយាកាស ការ​ដកដង្ហើម​ចេញ ចូល​យ៉ាង​សាមញ្ញ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៧ លាននាក់​ក្នុង​មួយ​ឆ្នាំ » នេះ​ជា​ការ​ថ្លែង​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក​ទេដ្រូស​នៅ​ក្នុង​សន្និសីទកាសែត។ លោក​ទេដ្រូស​បាន​គូសបញ្ជាក់​ថា ការ​បំពុល​បរិយាកាស​ជា​ការ​គំរាមកំហែងដល់​សុខភាព​នៅ​ក្នុង​ប្រទេស​ទាំងអស់ តែ​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ប្រទេស​ដែល​មាន​ចំណូលទាប និង​មធ្យម។ ចំណែក​លោក​ហាន ហង់រី គ្លូ នាយក WHO ប្រចាំ​តំបន់​អឺរ៉ុប​បាន​បញ្ជាក់​ថា ខ្យល់អាកាស​បរិសុទ្ធ​គួរតែ​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សលោក និង​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​សុខភាព និង​ផលិតភាព​របស់​សង្គម។

ដោយឡែក លោកស្រី​ម៉ារីយ៉ា នេរ៉ា នាយិកា​នាយកដ្ឋាន​ទទួល​បន្ទុក​បរិស្ថាន ការ​ប្រែប្រួល​អាកាសធាតុ និង​សុខភាព​នៅ WHO បាន​លើក​ឡើង​ពី​ចំណង​ទាក់ទង​រវាង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បំពុល​ខ្យល់​ក្នុង​បរិយាកាស។ WHO បាន​លើក​ឡើង​ពី​ផលវិបាក​កើត​ចេញ​ពី​ការ​ស្រូប​ខ្យល់​ពុល​ក្នុង​បរិយាកាស​ចំពោះ​កូនក្មេង និង​មនុស្សធំ។ ចំពោះ​កូនក្មេង គឺ​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​លូតលាស់​សួត បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម និង​ធ្វើ​ឱ្យ​ជំងឺ​ហឺត​មាន​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ។ ចំពោះ​មនុស្សធំ​វិញ ខ្យល់ពុល​ក្នុង​បរិយាកាស​ជា​បុព្វហេតុ​នៃ​ការ​ស្លាប់​មុន​អាយុ​ដោយ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ដោយឡែក ទិន្នន័យ​ថ្មី​របស់ WHO ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្យល់ពុល​ក្នុង​បរិយាកាស​ក៏​អាច​ជា​ដើមចម​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ អ្វី​ជា​ការ​កត់សម្គាល់ អង្គការ​សុខភាពពិភពលោក​បាន​ប្រដូច​ហានិភ័យ​ចំពោះ​សុខភាព​ដែល​កើត​ចេញ​ពី​ការ​បំពុលខ្យល់​ទៅ​នឹង​កត្តា​ហានិភ័យ​សំខាន់​ផ្សេង​ទៀត ដូច​ជា​របបអាហារ​មិន​ល្អ និង​ការ​ជក់​បារី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ