ឃុំកន្សោមអក ៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស៊ីម៉ាក់បានចុះមកយកគ្រាប់បែកប្រភេទ ប្លូ២៤ ១គ្រាប់នៅភូមិក្រូច។នេះបើតាមការឱ្យដឹងរបស់លោកស្រី ហេង ស្រីពៅ ជាមេឃុំកន្សោមអក។
លោកស្រីហេង ស្រីពៅ បានរៀបរាប់ឱ្យដឹងថា កាលពីពេលកន្លងទៅមានការប្រទះឃើញគ្រាប់បែកប្រភេទប្លូ២៤ ១គ្រាប់ក្នុងពេលដែលកំពុងធ្វើការជីកអូរ ក្រោយឃើញគ្រាប់បែកហើយ លោកតា ពុត ជឿនដែលជាអ្នកឃើញគ្រាប់បែកនេះបាន ជីកយកទៅកប់នៅ ក្នុងគុម្ពឬស្សីក្បែរផ្លូវ ។
លោកស្រី ហេង ពៅបានបន្តថា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឃុំក៏បានរៀបចំធ្វើផ្លូវដោយមានគ្រឿងចក្រធ្វើការត្រួសត្រាយ ក្នុងពេលកំពុងត្រួសត្រាយលោក តាពុត ជឿនដែលជាអ្នកកប់គ្រាប់បែកនេះបានធ្វើការរាយការណ៍មកកាន់ឃុំថា មានគ្រាប់បែកកប់ក្បែរគុម្ពឬស្សី ។ក្រោយពីទទួលបានដំណឹងនេះ លោកស្រី ហេងពៅ ដែលជាមេឃុំកន្សោមអក បានធ្វើការរាយការណ៍ទៅកាន់ក្រុមការងារស៊ីម៉ាក់ហើយនៅថ្ងៃទី១៧ ខែធ្នូក្រុមការងារបានធ្វើការដោះគ្រាប់បែកនោះចេញដោយសុវត្ថិភាពផងដែរ៕