នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ  និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់  និងស្រី៣នាក់  ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

បញ្ជាក់គ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ ។ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។  

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។ 

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ប្អនប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ