កូរ៉េខាងត្បូងទើបតែបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួន៣%ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសរុប៥២លាននាក់
(វ៉ាស៊ីនតោន)៖ប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋបានតែ ៣% ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន ៥២ លាននាក់របស់ខ្លួន ប៉ុន្តែមានគោលបំណងធ្វើយ៉ាងណាសម្រេចឲ្យបាននូវភាពស៊ាំដោយប្រយោលនៃជំងឺកូវីដ១៩ នៅត្រឹមខែវិច្ឆិកាខាងមុខ។តែទោះបីយ៉ាងណា សហរដ្ឋអាមេរិកបានសន្យាជួយរដ្ឋាភិបាលក្រុងសេអ៊ូលនៅក្នុងរឿងនេះតាមរយៈភាពជាដៃគូផ្នែកវ៉ាក់សាំង។នេះបើយោងតាមការចុះផ្សាយដោយCNN។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនៅក្នុងអំឡុងពេលជួបពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នៅសេតវិមានកាលពីថ្ងៃសុក្រថា៖ «យើងអាចបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ជាសាកល។ យើងនឹងពង្រឹងសមត្ថភាពរបស់យើងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងឆ្លើយតបចំពោះការគំរាមកំហែងជីវសាស្ត្រដទៃទៀតនៅពេលអនាគត»៕PP