សូមកុំទិញថ្នាំវីតាមីនសម្រាប់ក្មេងៗពីគណនីឈ្មោះ NY NAVAT TRA ព្រោះជាការបោកប្រាស់
នៅថ្ងៃទី៣០ ខែឧសភានេះ ហ្វេសបុកផេកផ្លូវការរបស់ Dr. Beat Richner បានចេញផ្សាយនូវខ្លឹមសារបកស្រាយ ជុំវិញបញ្ហាមានគណនីហ្វេសបុកមួយដែលមានឈ្មោះ Ny NaVat Tra បានបង្ហោះលក់ថ្នាំវីតាមីនសម្រាប់ក្មេងៗ ញាំឡើងគីឡូ ដោយអះអាងថាជាថ្នាំរបស់មន្ទីពេទ្យគន្ធបុប្ផា ខណៈដែលខ្លួនធ្វើការនៅមន្ទីពេទ្យស្រាប់។
ហ្វេសបុកផេកផ្លូវការរបស់ Dr. Beat Richner បានសសេរថា “ថ្មីៗនេះមានជនខិលខូចនិងអគតិ ដែលមានឈ្មោះក្នុងបណ្តាញសង្គម «Ny NaVat Tra» ក្នុងក្រុមអ្នកម្តាយឆ្លាតវៃ យកឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ប្រើបន្លំបំភ្លៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញកិត្តិយសមន្ទីរពេទ្យយ៉ាងធ្ងន់ធ្ងរបុគ្គលឈ្មោះនេះ មិនមែនជាបុគ្គលិកមន្ទីរពេទ្យទេ សូមសាធារណជន ប្រុងប្រយ័ត្នកុំជឿតាម ចំពោះការបោកប្រាស់ដ៏អាក្រក់នេះ មន្ទីរពេទ្យសូមបដិសេធចំពោះអ្នកពាក់ព័ន្ធនូវអំពើឆបោកនេះ។”
គណនីហ្វេសបុក ដែលត្រូវបានមន្ទីពេទ្យគន្ធបុប្ផាអះអាងថាបោកប្រាសនោះ បានសរសេរក្នុងខ្លឹមសារ ភ្ជាប់ជាមួយដបថ្នាំមីតាមីនថា “មានម៉ាក់ៗណាចង់បាន ខ្ញុំមានលក់ ព្រោះខ្ញុំធ្វើការនៅពេទ្យស្រាប់ វីតាមីនជួយអោយក្មេងញាំបាន នឹងឡើងគីឡូ ប្រើបានតាំងពីកើត មិនប៉ះពាល់សុខភាពកូន វីតាមីនរបស់ពេទ្យគន្ធបុប្ផា”៕