កាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសដែលបានកត់ត្រាករណី Covid-19 ចំនួនជាង ៣ លានករណី។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins និងគម្រោងតាមដានកូវីដ (Covid Tracking Project)។

ចំនួនករណីនៅទីនោះបានកើនឡើងបីដងក្នុងរយៈពេលតែត្រឹមពីរខែចុងក្រោយនេះ។ ទិន្នន័យបច្ចុប្បន្នបង្ហាញពីករណីចំនួន ៣.០០៥.៨៣០ ករណីនិងមនុស្សស្លាប់ ៣៣.៦២៣ នាក់ដែលបណ្តាលមកពីវីរុស ហើយបានញាំញីប្រទេសជាតិនិងធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ។

ករណីជាង ១ លាននៃករណីទាំងនោះគឺស្ថិតនៅក្នុង Los Angeles County ដែលមានមនុស្សប្រមាណ ១ នាក់ក្នុងចំណោម ១០ នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។

មន្ទីរពេទ្យនៅទូទាំងរដ្ឋនៅតែមានអ្នកជំងឺជាច្រើនកំពុងស្វែងរកការព្យាបាល។ ការសម្រាកព្យាបាលជំងឺ Covid-19 នៅមន្ទីរពេទ្យបានធ្លាក់ចុះមកត្រឹមក្រោម ២១.០០០ នាក់ ប៉ុន្តែចំនួនគ្រែ ICU ដែលមានគឺស្ថិតនៅក្នុងបរិមាណទាប ដោយមានតែគ្រែ ICU ចំនួន ១.១១៣ ប៉ុណ្ណោះដែលមាននៅទំនេរទូទាំងរដ្ឋ។ ប្រហែលជា ៩០% នៃរដ្ឋនៅតែស្ថិតក្រោមការបង្គាប់អោយស្នាក់នៅគេហដ្ឋាន ដោយសារតែ ផ្នែកថែទាំមានកម្រិត។ ការធ្វើតេស្តនៅរដ្ឋហ្គោលឌិនបានកើនឡើងនៅចុងសប្តាហ៍ដោយមានការធ្វើតេស្តជាង ៤២៧.០០០ ធ្វើឡើងក្នុងមួយថ្ងៃ។ អត្រាភាពវិជ្ជមានរយៈពេលពីរសប្តាហ៍នៅរដ្ឋកាលីហ្វ័រញ៉ា បន្តធ្លាក់ចុះយ៉ាងយឺត ហើយឈរនៅ ១២,២% ។ ទើបតែជាងមួយសប្តាហ៍មុនអត្រាវិជ្ជមានឈានដល់ ១៤% ដែលជាភាគរយខ្ពស់បំផុតចាប់តាំងពីការធ្វើតេស្តិ៍បានចាប់ផ្តើម។

គួររំលឹកថា កាលីហ្វ័រញ៉ា បានកត់ត្រាករណីឆ្លងវីរុសកូរូណា ដំបូងរបស់ខ្លួននៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២០ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ