ភ្នំពេញ  ៖ កម្ពុជា – សិង្ហបុរីប្ដេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌ ដើម្បីផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Michael Tan Keng Siong ( មៃខើល តាន់កេងស៊ីង ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា កាលពីរសៀលថ្ងៃទី១០ធ្នូ ២០២០ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជា–សិង្ហបុរី មានកិច្ចសហប្រតិបតិ្តការយ៉ាងល្អ នាពេលកន្លងមកនេះ ទាំងក្របខណ្ឌទ្វេភាគី និងទាំងក្របខណ្ឌអាស៊ាន ។

លោកស្រីបន្តថា តាមរយៈសិល្បៈ និង វប្បធម៌គឺនាំឱ្យមានការតភ្ជាប់ និងយល់គ្នារវាងប្រជាជននិងប្រជាជននៃប្រទេស ទាំងពីរ។ លោក្រីបន្តថា ក្នុងវិបតិ្តកូវី-១៩ ទោះបីមានបច្ចេកវិទ្យាអាចជំនួសបានសម្រាប់ថតបង្ហាញ តាមOnline ឬក៏ប្រជុំ សម្រាប់កម្មវិធីសិល្បៈវប្បធម៌ក៏ពិតមែន ក៏ប៉ុន្តែតាមរយៈបច្ចេកវិទ្យានេះ វាធ្វើឱ្យបាត់នូវគោលដៅផ្សារភ្ជាប់ រវាងប្រជាជន និង ប្រជាជន។ ត្រង់ចំណុចនេះលើវិស័យវប្បធម៌មិនអាចជួយឱ្យដល់គោលដៅនោះទេ ។

ជាការឆ្លើយតប លោក Michael Tan Keng Siong ( មៃខើលតាន់កេងស៊ីង ) បានលើកឡើងថា ក្នុងឆ្នាំ ២០២០ ប្រទេស នៅលើពិភពលោក,ក្នុងតំបន់ ក៏ដូចជាកម្ពុជាកំពុងរងការរាតត្បាតដោយសារជំងឺកូវីដ-១៩ ។ ប៉ុន្តែកម្ពុជានិងសិង្ហបុរីបានសហការគ្នារៀបចំព្រឹត្តិការណ៍សិល្បៈ តាមដងវិថី ហើយគោលបំណងនៃការរៀបចំនេះ មួយផ្នែក ដើម្បីអបអរសាទរទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរនិងមួយផ្នែកទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើផ្នែកវប្បធម៌។ ក្នុងព្រឹត្តិការណ៍ខាងលើទទួលបានជោគជ័យច្រើន ដោយសារយើងបើកឱ្យសាធារណជន ចូលគូរគំនូរតាមចំណង់ចំណូលចិត្ត ក្រោយមកយើងបានថតនិងផ្ដិតជារូបថតតូចៗ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ជាការចងចាំ រវាងក្រសួងវប្បធម៌នៃប្រទេសកម្ពុជា និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ។

លោកបានបញ្ជាក់ទៀតថា នៅពេលអគ្គរដ្ឋទូតថ្មី អញ្ជើញមកដល់ នឹងមានគម្រោងថ្មី មួយលើកិច្ចសហ ប្រតិបតិ្តការផ្នែកសិល្បៈវប្បធម៌រវាងសិង្ហបុរីនិងកម្ពុជា ស្តីពីការតាំងពិពណ៌បេតិកភណ្ឌ និង សិល្បៈបែបឥណ្ឌា និង បែបអាស៊ីអាគ្នេយ៍ ដោយហេតុថាក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ទទួលឥទិ្ធពលវប្បធម៌សិល្បៈពីឥណ្ឌា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ