រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច សង្គមកម្ពុជា ពីវិបត្តិជំងីកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរួម រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ស្តីពីការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះ បានបញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទាន ៨៥លានដុល្លារនេះ ជាការផ្តល់បន្ថែម លើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ចែកចាយវ៉ាក់សាំង ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តន៍ ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ១៩ នៅកម្ពុជា លោក ផាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គម និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច ដើម្បីជួយកម្ពុជា ពីវិបត្តិជំងឺកូវីដ១៩៕