រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ថា ចាប់ពីថ្ងៃនេះតទៅ ជនមានពិការភាពអាចមានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ ដើម្បីប្រើប្រាស់យានយន្ត នៅកម្ពុជាបានហើយ
ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិ ការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងក្តីសប្បាយរីករាយអបអរសាទរចំពោះជនមានពិការភាព ដែលអាចមាន សិទ្ធិទទួលប័ណ្ណបើកបរនៅកម្ពុជា។
សូមជម្រាបថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ឯម ច័ន្ទមករា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថា ផ្នែកសំខាន់ៗនៃយានយន្ត ដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
លោកបញ្ជាក់ថា «សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេសដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេសហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង»។
ជាងនេះទៅទៀត រដ្ឋលេខាធិការក្រសួងសង្គមកិច្ ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលដែលបានចូលរួមធ្វើឱ្យប្រកាសអន្តរក្រសួងនេះ ចេញជារូបរាងក្នុងទិសដៅបម្រើឲ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕EB