(អាមេរិក)៖ មេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក បានបង្កើតបច្ចេកវិទ្យា Software ដើម្បីទស្សន៍ទាយពីរបៀបដែលរដ្ឋាភិបាលចិននឹងមានប្រតិកម្មចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ដូចជាការលក់សព្វាវុធយោធា សកម្មភាពយោធាដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងសូម្បីតែដំណើរទស្សនកិច្ចរបស់សភាទៅកាន់ចំណុចក្ដៅដូចជាតៃវ៉ាន់ជាដើម។នេះបើតាមការចុះផ្សាយដោយAFP នៅថ្ងៃទី១៦ធ្នូ។

 

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកស្រី Kathleen Hicks បានទទួលការពន្យល់សង្ខេបអំពី Software ថ្មីនេះ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាម៉េរិកនៅរដ្ឋហាវ៉ៃកាលពីថ្ងៃអង្គារទី ១៤ ខែធ្នូ ។លោកស្រី Hicks បាននិយាយនៅក្នុងបទសម្ភាសមួយនៅលើយន្តហោះយោធាដែលកំពុងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ាថា៖«ជាមួយនឹងវិសាលភាពនៃជម្លោះ និងបញ្ហាប្រឈមបានលាតសន្ធឹងចូលទៅក្នុងតំបន់ពណ៌ប្រផេះ(អន្តរកម្មប្រកួតប្រជែងរវាងរដ្ឋនិងរដ្ឋ)។ អ្វីដែលអ្នកឃើញគឺ តម្រូវការក្នុងការសម្លឹងមើលទៅលើសំណុំសូចនាករដ៏ធំទូលាយមួយ ដោយដាក់វាជាមួយគ្នា ហើយបន្ទាប់មកស្វែងយល់ពីអន្តរកម្មនៃការគំរាមកំហែង។

 

ទន្ទឹមនឹងនេះ មន្ត្រីការពារជាតិម្នាក់បាននិយាយថា software នេះនឹងគណនាអំពីយុទ្ធសាស្ត្រដែលអាចប៉ះទង្គិចគ្នារវាងអាមេរិកនិងចិន។ វាមើលទិន្នន័យតាំងពីដើមឆ្នាំ ២០២០ ហើយវាយតម្លៃសកម្មភាពសំខាន់ៗដែលបានជះឥទ្ធិពលដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន។ ប្រព័ន្ធ​កុំព្យូទ័រ​នឹង​ជួយ​មន្ទីរ​បញ្ចកោណ​ទស្សន៍ទាយ​ថា​តើ​សកម្មភាព​ណាខ្លះ​នឹង​បង្ក​ឱ្យ​ចិនមាន​ប្រតិកម្ម​ខ្លាំង​ឬ​អត់។កាលពីខែតុលា យោធាចិនបានថ្កោលទោសសហរដ្ឋអាមេរិក និងកាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថា ប្រទេសទាំង ២ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ មន្ត្រីអាម៉េរិកបានលើកឡើងថា ឧបទ្ទវហេតុនិងរឿងផ្សេងទៀតដូចជាវាបានជំរុញឱ្យមានតម្រូវការសម្រាប់ software នេះ ដើម្បីធានាថាសហរដ្ឋអាមេរិកមិនធ្វើឱ្យចិនខកចិត្តដោយចេតនាចំពោះសកម្មភាពរបស់ខ្លួន។

 

ខណៈពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនស្ថិតក្នុងកម្រិតទាបរួចទៅហើយ ឧបករណ៍នេះផ្តល់នូវភាពមើលឃើញនៅទូទាំងសកម្មភាពជាច្រើនដូចជា ដំណើរទស្សនកិច្ចរបស់សភាទៅកាន់កោះតៃវ៉ាន់ ការលក់អាវុធដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់ ឬនៅពេលដែលនាវាអាមេរិកជាច្រើនដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់អាចបង្កបញ្ហា។ជាមួយគ្នានេះផងដែរ មន្ត្រីបាននិយាយថា software ថ្មីនេះនឹងអនុញ្ញាតឱ្យមន្ត្រីសហរដ្ឋអាមេរិកដឹងពីសកម្មភាពដែលបានគ្រោងទុកក្នុងរយៈពេល ៤ ខែជាមុន។គួរបញ្ជាក់ថា លោកស្រី Hicks កំពុងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាមេរិកនៅសប្តាហ៍នេះ ខណៈពេលដែលសេចក្តីព្រាងថវិកាឆ្នាំ ២០២៣ របស់រដ្ឋបាលលោក បៃដិន ចាប់ផ្តើមដំណើរការ។ ក្រសួងការពារជាតិ សង្ឃឹមថា នឹងបង្កើនថវិកាឆ្ពោះទៅរកយោធា ដែលមានសមត្ថភាពពេញលេញអាចរារាំងចិន និងរុស្ស៊ី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ