ខឹងកម្មករសុំបើកលុយ មេការសំណង់ដកកាំភ្លើងបាញ់២គ្រាប់ របួសជើងម្នាក់
ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់មេការបុរី ខេអិន បានដកកាំភ្លេីងបាញ់ភ្ជុចដីចំនួន២គ្រាប់គំរាមសម្លាប់កម្មករ២នាក់ រងរបួសជេីងព្រោះខឹងកម្មករមកទារលុយ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេអិន តាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះប៊ុន ច័ន្ទតុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់បុរីខាងលើ ផ្នែកខាងប្រព័ន្ធលូ មានទីលំនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ឈ្មោះ អុឹង ឆេងវ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមេការ សំណង់បុរី ខេអិន ក្រោយផ្ទុះអាវុធភ្លាម ជិះម៉ូតូគេចខ្លួនទៅបាត់ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ៖ ក្នុងសប្តាហ៍នេះ ការងាររបស់ក្រុមគាត់ រៀបចំដាក់ប្រព័ន្ធលូ ត្រូវបើកលុយបាន៥០០ដុល្លារ ហើយថ្ងៃសៅរ៍ ជាថ្ងៃចុងសប្តាហ៍ មេការខាងលើបានហៅគាត់ឲ្យមកបើកលុយ លុះនៅវេលាម៉ោងខាងលើសុំបើកលុយ៥០០ដុល្លារ ស្រាប់តែមេការឲ្យតែ១៥០ដុល្លារទេ ទើបធ្វើឲ្យជនរងគ្រោះតវ៉ា លុយ១៥០ដុល្លា ធ្វើយ៉ាងម៉េចបើកចែកឲ្យក្រុមកម្មករគ្រប់ទៅ ឈានតមាត់គ្នា រហូតដល់ជនដៃដល់ខឹងក្រោធ ទាញដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ភ្ជុចផ្លូវបេតុង២គ្រាប់ បណ្តាលឲ្យផ្លាតខ្ទាតបំណែកត្រូវចំជើងជនរងគ្រោះ ហូរឈាមរងរបួស ។ ជនដៃដល់ទាញម៉ូតូជិះគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌចុះទៅសាកសួរ ពិនិត្យស្លាកស្នាមបន្សល់ទុក ហើយរកឃើញសំបកគ្រាប់១ ដែលស្គាល់ជាសំបកគ្រាប់កាំភ្លើងlock។ ចំណែកសំបកគ្រាប់មួយទៀត ជនរងគ្រោះអះអាងថា ជនសង្ស័យរើសយកដាក់ហោប៉ាវមុនគេចខ្លួន៕SS