លោកប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន បានចេញបទបញ្ជាឱ្យចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្តជាលក្ខណៈទ្រង់ទ្រាយធំ នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩ ចាប់ពីសប្ដាហ៍ក្រោយតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោកប្រធានាធិបតី បានណែនាំឱ្យគ្រូបង្រៀន និងគ្រូពេទ្យទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មុនគេបង្អស់ អំឡុងកិច្ចប្រជុំពីចម្ងាយជាមួយគណៈរដ្ឋមន្ត្រីរុស្ស៊ី កាលពីថ្ងៃទីពុធម្សិលមិញ។ លោក ពូទីន បានមានប្រសាសន៍ថា រុស្ស៊ីនឹងផលិតវ៉ាក់សាំង ឈ្មោះ Sputnik V ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ឱ្យបានចំនួន ២លានដូស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ វ៉ាក់សាំង Sputnik V ដែលផលិតដោយរុស្ស៊ីផ្ទាល់ បានបង្ហាញលទ្ធផលធ្វើតេស្តជោគជ័យ ៩២% ក្នុងការការពារអ្នកចាក់វ៉ាក់សាំងនេះ។

លោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី បានបញ្ជាក់ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិមួយនាពេលកន្លងទៅថា មនុស្សជាង ១សែននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង Sputnik V៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ